កំពូលអាហារទាំង ១០ ដែលជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយ ឲ្យកាន់តែខ្លាំង និងរឹងមាំ!

មនុស្សអាចមានសុខភាពរឹងមាំល្អបាន លុះត្រាតែពួកគេមានប្រព័ន្ធភាពស៊ាំខ្លាំង។ ប្រព័ន្ធភាពស៊ាំ គឺជាក្បាលម៉ាស៊ីនការពារ រាងកាយអ្នក ឲ្យចៀសឆ្ងាយពីជំងឺ និងការឆ្លងមេរោគផ្សេងៗ។ កង្វះអាហាររូបត្ថម្ភ កង្វះការធ្វើលំហាត់ប្រាណ ព្រមទាំងការកើតជំងឺស្រ្តេសខ្លាំងពេក អាចបង្កឲ្យប៉ះពាល់ដល់ មុខងារប្រព័ន្ធភាពស៊ាំ រួចបណ្តាលឲ្យអ្នកងាយឆ្លងមេរោគ និងឈឺ ជាក់ជាមិនខាន។
ខាងក្រោមនេះ គឺជាអាហារទាំង ១០ មុខដែលអ្នកត្រូវការ សម្រាប់បង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយជាប្រចាំ ៖
១. ខ្ទឹមស
ខ្ទឹមស គឺជាអាហារមួយ ដែលជួយប្រព័ន្ធភាពស៊ាំល្អបំផុត ដោយសារវាមានផ្ទុកសារធាតុ អង់ទីប៊ីយោទិក (antibiotic) សារធាតុប្រឆាំងវីរុស និងជួយការពារការកើតផ្សិតរបស់មេរោគ។ ខ្ទឹមស អាចជួយការពារអ្នកពីជំងឺផ្តាសាយ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺរលាកពោះវៀន និងជំងឺក្រិនបាន ដោយគ្រាន់តែទទួលទានវា ២ ឬ ៣ កំពឹសឆៅជារៀងរាល់ថ្ងៃ។ ជាពិសេស ថែមទាំងជួយបន្ថយសម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងការពារមហារីកទៀតផង។ 
២. ទឹកឃ្មុំ
ត្រឹមតែទឹកឃ្មុំមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្តៅឧណ្ណៗមួយកែវ ជារៀងរាល់ថ្ងៃ អាចពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងអស្ចារ្យ ដោយសារតែទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងមេរោគ និងផ្សិតបាន។ លើសពីនេះទៅទៀត ទឹកឃ្មុំ អាចជួយសម្រួលប្រព័ន្ធរំលាយអាហារ បន្ថយជាតិអាស៊ីត ព្យាបាលការឈឺបំពង់ក ជួយត្រួតពិនិត្យជាតិស្ករក្នុងឈាមរួមទាំងអាំងស៊ុយលីន និងអាចព្យាបាលស្លាកស្នាមៀ្សេងបានយ៉ាង ឆាប់រហ័ស។ ប៉ុន្តែត្រូវចងចាំថា កុមារក្រោម ១ ខួបមិនអាចទទួលទានបានទេ។ 
៣. ខ្ញី
ខ្ញី គឺជាឱសថ ដែលត្រូវបានប្រើប្រាស់សម្រាប់ ជួយដល់ប្រព័ន្ធភាពស៊ាំ និងព្យាបាលបញ្ហាសុខភាពជាច្រើន។ មិនត្រឹមតែមានសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ សំលាប់មេរោគ និងប្រឆាំងនឹងការរលាកថែមទៀតផង។ ជាងនេះទៅទៀត វាអាចជួយដល់ បញ្ហារំលាយអាហារ ជំងឺផ្តាសាយ ឈឺបំពង់ក គ្រុន និងការពារការលូតលាស់កោសិកាមហារីក ផងដែរ។ ងាយៗដោយអ្នកគ្រាន់តែយកខ្ញីហាន់រួច ទៅហាលឲ្យស្ងួតដាំទឹកផឹក ឬទទួលទានតែខ្ញី ជាប្រចាំជាការស្រេច។ 
៤. តែបៃតង
តែបៃតង ជាភេសជ្ជៈល្អបំផុត សម្រាប់ជំនួយប្រព័ន្ធភាពស៊ាំ ដោយសារតែគេរកឃើញថាវាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានផ្ទុក Epigallocatechin gallate (EGCG) ដែលអាចប្រឆាំងនឹងបាក់តេរី ក៏ដូចជាមេរោគផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត តែបៃតង អាចការពារជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺអញ្ចាញធ្មេញ និងជំងឺពុកឆ្អឹងបាន ដោយគ្រាន់តែទទួលទានតែបៃតង ២ ទៅ ៣ ពេលក្នុងមួយថ្ងៃ (មិនត្រូវលាយទឹកដោះគោទេ)។ 
៥. យ៉ាអួ
ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរឹងមាំ អ្នកត្រូវតែបន្ថែម យ៉ាអួ ទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ បាក់តេរីល្អដូចជា Bifidobacterium lactis ដែលមានក្នុងយ៉ាអួ អាចបំផ្លាញបាក់តេរី និងមេរោគអាក្រក់បាន និងអាចជួយឲ្យរាងកាយស្រូបយក សារធាតុចិញ្ចឹមសំខាន់ៗបានល្អជាងមុន។ ជាងនេះទៅទៀត វាអាចកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគពោះវៀន ជួយបង្កើនការរំលាយអាហារ កាត់បន្ថយការកើតជំងឺផ្តាសាយ និងអាចព្យាបាលជំងឺរាកមួលថែមទៀត។ 
៦. ផ្លែក្រូច
ក្រូច សម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានអានុភាពជួយដល់ប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា។ វីតាមីន C ជួយជំរុញការផលិតកោសិកាគ្រាប់ឈាមស ដែលជាកោសិកាសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគផ្សេងៗ។ ផ្លែក្រូច ថែមទាំងសំបូរវីតាមីន A វីតាមីន B9 អាស៊ីត Folic និងទង់ដែង ជួយកាត់បន្ថយកូឡេស្តេរ៉ូល និងសម្ពាធឈាមទៀតផង។ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរាងកាយបានរឹងមាំ អ្នកគ្រាន់តែទទួលទានទឹកក្រូចច្របាច់ជារៀងរាល់ព្រឹកជាការស្រេច។ 
៧. ដំឡូងជ្វា
ដំឡូងជ្វា ក៏ជាអាហារបង្កើនប្រព័ន្ធភាពស៊ាំល្អឥតខ្ចោះដែរ ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន A ខ្ពស់ ជួយការពារការឆ្លងមេរោគ និងជួយដល់កោសិកាប្រព័ន្ធភាពស៊ាំទាំងមូល។ ជាងនេះទៅទៀត ដំឡូងជ្វា អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន ព្រមទាំងប្រយុទ្ធប្រឆាំងនឹងបញ្ហារលាក ដូចជាជំងឺហឺត ជំងឺរលាកសន្លាក់ កាត់បន្ថយការទល់លាមក ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ ការពារការកើតជំងឺហើមសួត បង្ការជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូងទៀតផង។ ងាយៗដោយអ្នកគ្រាន់តែទទួលទានដំឡូងជ្វាស្ងោរជាប្រចាំ មួយថ្ងៃ តែមួយកំណាត់ ក៏បាន។ 
៨. ម្ទេសក្រហម
ម្ទេសក្រហម មានសារធាតុប្រឆាំងអុកស៊ីតកម្មប្រភេទ Beta-carotene ខ្ពស់ ដែលជាសារធាតុចាំបាច់សម្រាប់ភាពរឹងមាំ របស់ប្រព័ន្ធភាពស៊ាំ។ មិនត្រឹមតែជួយការពាររាងកាយ ឲ្យប្រយុទ្ធប្រឆាំងទៅនឹង ការលុកលុយពីមេរោគ ជំងឺផ្សេងៗប៉ុណ្ណោះទេ វាថែមទាំងជួយសម្អាតជាតិពុលចេញពីរាងកាយ ជួយដល់ការរំលាយអាហារ ជួយបំបាត់ការឈឺចាប់ ជួយដល់ចលនាឈាមរត់ ការពារ ជំងឺបេះដូង ជំងឺដំបៅក្រពះ ជំងឺមហារីកក្រពេញប្រូស្តាត ជំងឺទឹកនោមផ្អែម និងជំងឺឈឺក្បាលប្រកាំងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែ ទទួលទានម្ទេស ១ ឬ ២ ជាមួយរបបអាហារប្រចាំថ្ងៃ ជាការស្រេច។ 
៩. ផ្សិត
ផ្សិត មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយថែមទាំងសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ និងសារធាតុ selenium រួមទាំងទង់ដែងទៀតផង ដែលសុទ្ធតែមានសារៈសំខាន់ ដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ វាថែមទាំងជួយការពារបេះដូង ក៏ដូចជាថ្លើម រួមទាំងមានសមត្ថភាពក្នុងការជួយទប់ស្កាត់ ជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកសុដន់បានទៀតផង។ ជាងនេះទៅទៀត ផ្សិតអាចកាត់បន្ថយបញ្ហាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាលបានផងដែរ។ ហេតុនេះ អ្នកគួរតែចាប់ផ្តើមទទួលទានផ្សិត ឲ្យបានញឹកញាប់ ដើម្បីសុខភាពកាន់តែមានភាពរឹងមាំ។ 
១០. អាហារសមុទ្រ
ការទទួលទានអាហារសមុទ្រមួយចំនួនញឹកញាប់ ដូចជា ខ្យង អយស្ទ័រ បង្កង ក្តាម និងលាស គឺសុទ្ធតែសម្បូរទៅដោយសារធាតុ Selenium ដែលអាចជួយឲ្យរាងកាយ ផលិតកោសិកាឈាមស និងប្រូតេអ៊ីន ជួយការពារវីរុសផ្តាសាយ បានយ៉ាងមានប្រសិទ្ធភាព ចេញពីរាងកាយ។ លើសពីនេះទៅទៀត ត្រីសាម៉ុង និងប្រភេទត្រីសមុទ្រផ្សេងៗទៀត សុទ្ធតែសម្បូរទៅដោយជាតិខ្លាញ់ Omega-3 ដែលអាចកាត់បន្ថយការរលាក ជួយសម្រួលដល់ការដើរខ្យល់ និងការពារសួតពីជំងឺផ្តាសាយ និងការឆ្លងមេរោគផ្លូវដង្ហើមបាន៕ 

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com