រាជធានីភ្នំពេញ ៖ ក្រោយពីបញ្ចប់ពិធីមង្គលការ
កាលពីថ្ងៃទី២២ មករា គេកត់សម្គាល់ថា ចំណងស្នេហ៍របស់កីឡាកររូបនេះ
មានការខ្ចរខ្ចាយព័ត៌មានបានឆ្ងាយគួរសម ដោយត្រូវបណ្ដាញផ្សព្វផ្សាយ
នៅក្រៅប្រទេសមួយចំនួន ចុះផ្សាយផងដែរ ។ អ្វីដែលគេចាប់អារម្មណ៍
គឺលោកបានបញ្ជាក់ថា មិនទទួលថតផ្សាយគ្រឿងស្រវឹង
និងឈប់ថតកុនទៀតហើយ ដើម្បីកុំឱ្យបែកអារម្មណ៍
ហើយធ្វើឱ្យគុណភាពកីឡាបាល់ទាត់ធ្លាក់ចុះ ។
លោក ប្រាក់
មុន្នីឧត្តម និយាយថា
ក្នុងរយៈពេលចុងក្រោយមានខាងផលិតករទាក់ទងឱ្យលោកថតកុនយ៉ាងច្រើន
បន្ទាប់ពីលោកថតបានមួយរឿងកាលពីឆ្នាំ២០១៥ ហើយទទួលជោគជ័យ ។
ខ្សែរឿងដែលលោកសម្ដែងនោះ ជាលើកទី១
ប៉ុន្តែក៏ជាប្រវត្តិសាស្ត្រដែលជួយឱ្យលោក ទទួលបានការគាំទ្រ
យ៉ាងពេញទំហឹងនៅក្នុងវិស័យសម្ដែងមិនធ្លាប់មានផងដែរ
តែលោកបានបញ្ជាក់ថា គម្រោងថតជាថ្មីនៅតែមិនមាន ។
លោកថា
ការថតរឿងក៏ជាចំណូលចិត្ត របស់លោកដែរ
ប៉ុន្តែមកពីលោកមិនចង់ខាតពេលត្រៀមខ្លួនក្នុងការសម្ដែងរឿង
និងមិនចង់ប្រឡាក់ប្រឡូសនាំឱ្យមានការរិះគន់ ទើបលោកសម្រេចចិត្ត
មិនទទួលយក ។ លោកនិយាយថា ៖ «ការថតកុនខ្ញុំស្រឡាញ់ដដែលតើ
ប៉ុន្តែខ្ញុំចេះតែខ្លាចពេលយើង សម្ដែងអត់ដល់ប្លង់អីទៅ គេរិះគន់
ទើបសម្រេចចិត្តអត់ទទួល និយាយរួមឱ្យថ្លៃប៉ុន្មានក៏អត់ទទួលដែរ»
។
លោកថា ការសម្ដែង គឺជាចលករដែលជួយលោក
ឱ្យមានគេស្គាល់ច្រើន ប៉ុន្តែការសម្ដែងក៏ធ្វើឱ្យលោក
ខាតពេលហ្វឹកហាត់ប៉ះពាល់ ការប្រកួតផងដែរ
ជាពិសេសបន្ទាប់ពីលោកទទួលសម្ដែងភាពយន្តខ្នាតធំ កាលពីឆ្នាំ២០១៥
ហើយមានការប៉ះពាល់ការប្រកួតខ្លះៗ ។
លោកថា
ខ្សែរឿងនោះមានចំណងជើងថា «មេកប់ស៊េរី»
ដោយទទួលបានការគាំទ្រតាំងពីពេលដាក់បញ្ចាំងរហូតដល់ក្រោយពេល
ទម្លាក់ផ្លាក
ដោយខាងផលិតករបានទទូចឱ្យលោកជួយសម្ដែង១រឿង២រឿងបន្ថែមនោះផង
តែលោកសម្រេចចិត្តមិនទទួល ។ លោកថា ៖
«ផលិតករគាត់ហៅលេងច្រើនតាំងពីថតមួយរឿងហ្នឹង តែខ្ញុំឈប់លេងហើយ
អត់ចង់ឱ្យគេថា យើងកីឡាករទៅថតកុនអីទៀតទេ!» ។
ជាមួយនឹងការប្រកាន់ជំហរមិនទទួលថតកុនដូចមុន លោកក៏ប្រកាសថា
មិនទទួលថតស្ពតណាមួយដែលមានទម្រង់ជាការផ្សព្វផ្សាយស្រា
ឬគ្រឿងស្រវឹងនោះដែរ »។

លោក ប្រាក់ មុន្នីឧត្តម បញ្ជាក់ថា
បើទោះជាលោកមិនបានរួមចំណែកជួយសង្គម
តែលោកមិនធ្វើសកម្មភាពណាមួយដែលបំផុសឱ្យយុវវ័យ
និងមហាជនជាអ្នកគាំទ្រចាប់អារម្មណ៍គ្រឿងស្រវឹងនៅគ្រប់វត្តមានរបស់
លោកនោះដែរ ។
លោកថា កីឡាករដែលមានអ្នកគាំទ្រច្រើន
និងតារាល្បីឈ្មោះ
ការផ្សព្វផ្សាយបែបនេះមានឥទ្ធិពលខ្លាំងណាស់ទើបលោកប្រឆាំងដាច់ខាត
មិនពាក់ព័ន្ធទេ
ដើម្បីរួមចំណែកជួយដល់សង្គមដែលត្រូវការការកាត់បន្ថយគ្រោះថ្នាក់
ចរាចរណ៍ ។
លោកប្រកាសថា មិនថាស្ពត
មិនថាសកម្មភាពឱ្យលោកថតលេងនៅក្រោយផ្លាកយីហោគ្រឿងស្រវឹង
គឺទោះជាត្រូវបានប្រាក់ប៉ុន្មានក៏លោកមិនថតនោះដែរ
ដើម្បីគេចចេញពីការពង្វក់ដល់អ្នកគាំទ្រឱ្យចាប់អារម្មណ៍គ្រឿងស្រវឹង
នោះ ។
អីុចឹងហើយទើបគេកត់សម្គាល់ថា
សូម្បីតែពេលចូលរួមក្នុង កម្មវិធីផ្សេងលោកកម្រពិសាគ្រឿងស្រវឹង
ហើយបើអ្នកសុំថតលើកកែវស្រា ឬដបស្រាមកថតជាមួយលោក
គឺលោកសំណូមពរឱ្យទម្លាក់ចេញ ។
នេះជាជំហរកម្រមួយរបស់បុគ្គលល្បីដែលខុសពីតារាមួយចំនួនដែលប្រើ
កិត្តិស័ព្ទ ល្បីល្បាញរបស់ខ្លួន
ទទួលថតស្ពតស្រាបៀរក្នុងតម្លៃខ្លួនខ្ពស់ ដោយមិនខ្វល់ថា
បានរួមចំណែកបំផុស ឱ្យប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងសង្គម ។
លោក
ថា ខ្លួនមិនទទួលថតកុន និងថតស្ពតគ្រឿងស្រវឹង
គឺជាការយល់ឃើញរបស់ខ្លួន តែសម្រាប់បុគ្គលដែលគេថតបានលោកថា
មិនមែនជារឿងដែលត្រូវរិះគន់នោះទេ ដោយសារតែនោះ
គឺជាការងាររបស់ពួកគាត់ ហើយពេលខ្លះដ្បិតថា តារា
ឬបុគ្គលដែលមានប្រជាប្រិយភាព ទទួលថតស្ពតស្រាបៀរអីុចឹងមែន
តែចិត្តពួកគាត់ក៏មិនសូវគាំទ្រដែរ ។
ប្រាក់ មុន្នីឧត្តម
បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួត
លក់សំបុត្រយកលុយជួយមន្ទីរពេទ្យគន្ធបុប្ផានៅល្ងាចថ្ងៃទី២៦ មករា
លោកមានគម្រោងនាំភរិយាថ្មោងថ្មីរបស់ខ្លួនទៅកម្សាន្តនៅប្រទេសថៃ
ប៉ុន្តែលទ្ធផលចុងក្រោយ ប្រហែលមិនបានទៅច្រើនជាង ដោយសារតែចំឱកាស
ចូលឆ្នាំចិនដែលត្រូវជួបជុំសាច់ញាតិផង
និងរវល់ហ្វឹកហាត់ត្រៀមប្រកួតផង ។
លោកថា
គម្រោងចេញក្រេបទឹកឃ្មុំ នៅក្រៅប្រទេស អាចនឹងត្រូវរំសាយ
ប៉ុន្តែមិនមានន័យថា មិនមាននោះទេ គឺលោកនឹងនៅតែរកឱកាស
ចេញកម្សាន្តជាលក្ខណៈគូស្នេហ៍នៅពេលណាមួយ
បន្ទាប់ពីការប្រកួតបានរយាល ។
លោកក៏បានឆ្លើយតប
នឹងការលេចឮដែលថា លោក និងភរិយាទទួលបានចំណងដៃកប់ក្ដោងថា
ជារឿងមិនពិតនោះដែរ ។ លោកថា
មង្គលការខ្លួនបានចំណាយអស់ជាង៤ម៉ឺនដុល្លារ ហើយលទ្ធផលចំណងដៃ
ដែលទទួលបាន គឺមិនគ្រប់សម្រាប់ចំណាយនោះទេ មិនដូចព័ត៌មានដែលថា
លោកសល់ពីការចំណាយ ច្រើនម៉ឺននោះឡើយ ។
លោកថា មង្គលការនោះ
បើសិនទូទាត់ គឺខាតតិចតួច តែលោកមិនចាត់ទុកថា នោះជារឿងធំដុំទេ
សំខាន់គឺលោកសប្បាយចិត្ត
ដែលមានបងប្អូនជាភ្ញៀវកិត្តិយសចូលរួមមង្គលការលោកច្រើន ៕









0 comments:
Post a Comment