អេស្ប៉ាញ៖ ជាការពិតមានអ្នកគាំទ្រច្រើនណាស់ដែលចូលចិត្ត និងស្រលាញ់
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនតែប៉ុណ្ណោះ
ពួកគេថែមទាំងចាត់ទុកកីឡាកររូបនេះ ជានិមិត្តរូបរបស់ខ្លួនទៀតផង។ ដោយឡែក ចំពោះ
Messi វិញ តើប្រិយមិត្តធ្លាប់ដឹងទេថា កីឡាកររូបណាជានិមិត្តរូបរបស់គេ?
ថ្លែងក្នុងបទសម្ភាសន៍ឲ្យទស្សនាវដ្ដីមួយរបស់ប្រេស៊ីល ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា
«មានកីឡាករ២រូបដែលខ្ញុំគោរពយ៉ាងជ្រាលជ្រៅបំផុត
តាំងពីខ្ញុំលូតលាស់ក្នុងវិស័យបាល់ទាត់នេះ។ ជាការពិតណាស់ ខ្ញុំកោតសរសើរ
និងចូលចិត្ត កីឡាករ Diego Maradona
គាត់ជាមនុស្សម្នាក់ដែលជំរុញឲ្យខ្ញុំមានថ្ងៃនេះ ។ កីឡាករមួយរូបទៀត គឺ Pablo
Aimar ខ្ញុំពិតជាចូលចិត្តមើលការប្រកួតរបស់គាត់ណាស់» ។
គួរឲ្យដឹងថា
អតីតកីឡាករជើងចាស់ ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន២រូបនេះ
គឺសុទ្ធតែបានចូលរួមចំណែក ធ្វើឲ្យ Messi មានឈ្មោះបោះសម្លេង
និងជាកីឡាករកំពូលលំដាប់ពិភពលោក នាពេលបច្ចុប្បន្ននេះ។
បន្ថែមនៅក្នុងកិច្ចសម្ភាសន៍ Messi ក៏បានប្រាប់ពីកីឡាករលេងនៅលីករបស់ប្រទេសអង់គ្លេសដែលគេចូលចិត្តផងដែរ។ ក្នុងនោះ Messi បានលើកឡើងថា «អស់រយៈពេលជាច្រើនកន្លងមកនេះ
ពួកយើងធ្លាប់ជួបក្រុមខ្លាំងៗមកពីអង់គ្លេសជាច្រើន
ហើយថែមទាំងមានកីឡាករល្អៗច្រើនរូបទៀតផង ប៉ុន្តែកីឡាករដែលលេងនៅអង់គ្លេស
ខ្ញុំចូលចិត្ត និងគោរពជាងគេនោះ គឺ Wayne Rooney របស់ក្លិបបិសាចក្រហម
Manchester United។ គាត់គឺជាកីឡាករល្អម្នាក់
និងជាកីឡាករពិសេសមួយរូបនៅក្នុងជំនាន់នេះផងដែរ» ៕



0 comments:
Post a Comment