(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
បានប្រកាសជំហរត្រៀមខ្លួនរួចជាស្រេច នៅក្នុងការចម្រាញ់យកកីឡាករឆ្នើមៗ
មកបំពាក់បំប៉នការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩
នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧នេះ
ប្រសិនបើក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍
អនុញ្ញាតឲ្យចូលរួមតាមសំណើរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
ដែលកំពុងតស៊ូមតិជាមួយស្ថាប័នកីឡាប្រចាំតំបន់អាស៊ានមួយនេះ។
លោក តែម
ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
បានថ្លែងក្នុងមហាសន្និបាតនាពេលថ្មីៗនេះថា ថ្វីត្បិតកីឡាប្រដាល់បែងចែកជា
២សហព័ន្ធពិតមែន ប៉ុន្ដែគុនខ្មែរ គឺជាការងារចាស់ ដែលសមាជិកប្រតិបត្តិ
ត្រូវបន្ដការអនុវត្តឆ្ពោះទៅរកភាពរីកចម្រើន។
ប៉ុន្ដែចំពោះគោលដៅសំខាន់បំផុតនោះ
គឺការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូង ក្នុងឆ្នាំ២០១៧នេះ
ដោយបច្ចុប្បន្នសហព័ន្ធកំពុងបណ្ដុះបណ្ដាលកីឡាករ
៦វិញ្ញាសាសម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ។
ចំណែកលោក
វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)
បានបញ្ជាក់ថា ការដាក់បញ្ចូលកីឡាប្រដាល់គុនខ្មែរ ទៅក្នុងប្រកួតកីឡាស៊ីហ្គេម
ឆ្នាំ២០១៧ ពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងពិភាក្សាការងារនេះ
ជាមួយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ប៉ុន្ដែវាអាចនឹងទទួលបានលទ្ធផលល្អ
ព្រោះការស្នើដាក់បញ្ចូលកីឡាគុនខ្មែរលើកដំបូងនេះ គឺស្ថិតក្នុងវិញ្ញាសាកីឡា
«មួយ» ដែលគេបានអនុម័តជាប្រភេទកីឡាស៊ីហ្គេមស្រាប់។
គួរបញ្ជាក់ថា
គុនខ្មែរ គឺជាឈ្មោះថ្មី ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
និងក្រសួងអប់រំ យុវជន និងកីឡា សម្រេចប្រើប្រាស់ជាផ្លូវការ
សម្រាប់តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លែងពាក់ព័ន្ធជាមួយកីឡាប្រដាល់សកលទៀតហើយ។ ប៉ុន្ដែកន្លងមកគុនខ្មែរ
ពុំធ្លាប់មានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ ហើយការតស៊ូមតិ
ដើម្បីដាក់បញ្ចូលប្រភេទកីឡាក្បាច់គុនបុរាណខ្មែរនេះ
ក៏ដើម្បីជាការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕
![](https://s5.kh1.co/cd/cd3812fa76a6ff412219fbe191c909f49156e831.jpg)
![](https://s4.kh1.co/f4/f497c5535a081c729ebab5fc78a82bbe8977bb17.jpg)
![](https://s4.kh1.co/fe/fee5c9b1100fb2e17be3d6fb8a9b3d834f3100ea.jpg)
0 comments:
Post a Comment