ជាក់ស្តែង អ្នកណាៗ ក៏ស្រមៃចង់បាន ក្បាលពោះរាបស្មើដូចជាតារាម៉ូដែលដែរ
ប៉ុន្តែវាមិនងាយស្រួលឡើយ ពីព្រោះខ្លាញ់នៅនឹងក្បាលពោះ ងាយនឹងកកើតឡើងណាស់។
ជួនកាល អ្នកខិតខំហាត់ប្រាណ និងរៀបចំរបបអាហារយ៉ាងល្អិតល្អន់ហើយ
នៅតែមិនទទួលបានលទ្ធផល គាប់ចិត្តថែមទៀត។
ហេតុនេះ យើងសូមណែនាំអ្នកឲ្យចៀសវាង ទទួលអាហារមួយចំនួន ដែលជួយអ្នកឲ្យទទួលបាន ក្បាលពោះរាបស្មើ ដូចប្រាថ្នា ៖
១. គ្រឿងស្រវឹង
ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ
ក្នុងបរិមាណតិចបំផុត អាចជួយការពារជំងឺបេះដូងបាន។ ប៉ុន្តែ ទន្ទឹមនឹងនោះ
វាក៏ផ្ទុកជាតិស្ករ ដែលមានបរិមាណកាឡូរីខ្ពស់។ ជាពិសេស
វាធ្វើឲ្យអ្នកហាក់ដូចជាកាន់តែឃ្លាន រហូតទទួលទានអាហាររួមជាមួយច្រើន (ក្លែម)
ដែលបង្កជាខ្លាញ់ក្បាលពោះ។
![](https://s4.kh1.co/dd/dda1d5dce773a8794707d44c98a36a5d7e8d78c5.jpg)
២. ស្ករកៅស៊ូ
នៅពេលដែលអ្នកកំពុងតែទំពារស្ករកៅស៊ូ ខួរក្បាល និងក្រពះរបស់អ្នក
ទទួលសញ្ញាថា សកម្មភាពទំពារនេះ ប្រាកដជាសកម្មភាពទទួលទានចំណីអាហារ
ជាក់ជាមិនខាន។ ដោយហេតុនេះហើយ ក្រពះរបស់អ្នកនឹងផលិត ជាតិអាស៊ីត
ក្នុងក្រពះច្រើនលើសលុប (សូម្បីតែស្ករកៅស៊ូ ក៏ធ្វើឲ្យកើនអាស៊ីតរបស់ក្រពះដែរ)
ជាលទ្ធផល អ្នកនឹងកាន់តែឃ្លាន រួចទទួលទានច្រើន រហូតឡើងខ្លាញ់ពោះមិនខានឡើយ។
![](https://s4.kh1.co/24/240b131e6d82064fb9ae0d27a74a362a18ec2279.jpg)
៣. អាហារ Fast-food
វាមិនមែនជារឿងចម្លែកអ្វីឡើយ ពីព្រោះអាហារ Fast-food តែមួយប្រភេទ
អាចផ្ទុកជាតិកាឡូរីជាង ២,០០០ កាឡូរី។ តើអ្នកមានដឹងទេថា
នេះគឺជាបរិមាណកាឡូរី ដែលមនុស្សត្រូវការក្នុង រយៈពេលមួយថ្ងៃពេញឯណោះ។ ជាពិសេស
វាសម្បូរទៅដោយជាតិខ្លាញ់មិនល្អខ្ពស់ និងមានអាហាររូបត្ថម្ភទាប
ដែលបណ្តាលឲ្យអ្នកដុះក្បាលពោះ។
![](https://s5.kh1.co/96/96b653b04f217c764eb2211b7203c53db17dd277.jpg)
៤. ភេសជ្ជៈសូដា
ភេសជ្ជៈសូដាមួយកំប៉ុង អាចផ្ទុកយ៉ាងហោចណាស់ ១៥០ កាឡូរី ជាពិសេស
វាសម្បូឬទៅដោយ ជាតិស្ករច្រើនលើសលុប។ ជាក់ស្តែង សូម្បីតែភេសជ្ជៈ
ដែលមានកាឡូរីទាប ក៏អាចធ្វើឲ្យការរំលាយអាហារប្រែជាយឺត
និងបង្កជាខ្លាញ់បានដែរ។ មនុស្សជាច្រើនក៏ធ្លាប់ដឹងទៅហើយថា ភេសជ្ជៈសូដា
អាចបង្កជាក្បាលពោះ ប៉ុន្តែបែរជាមិនអាចបោះបង់ការទទួលទានបាន។ ហេតុនេះ
ប្រសិនបើអ្នកចង់បានក្បាលពោះរាបស្មើ អ្នកត្រូវតែប្តេជ្ញាចិត្ត
ឈប់ទទួលទានឲ្យបាន ទើបប្រសើរ។
![](https://s5.kh1.co/92/92c589ef8ad84683a2d39732b11d8b760293dcbc.jpg)
៥. អាហារប្រៃខ្លាំង
អ្នកត្រូវតែចងចាំថា ស្ករ និងអំបិល ត្រូវតែទទួលទាន
តាមបរិមាណកំណត់ជាមធ្យម មិនអាចទទួលទានតិចពេក ឬច្រើនពេកទេ។ ចំណីអាហារ
ដែលមានជាតិសូដ្យូម (អំបិល) ច្រើន អាចបង្កឲ្យមានការកើនឡើងជាតិទឹក។ ជាលទ្ធផល
ជាតិទឹកនោះ នឹងធ្វើឲ្យក្បាលពោះរបស់អ្នកឡើងប៉ោង ដូចជាហើមពោះយ៉ាងអ៊ីចឹង។
ដូច្នេះ អ្នកគួរតែប្រើប្រាស់អំបិលក្នុងអាហារ មិនឲ្យលើសពី ២០០០ មីលីក្រាម
ទើបជាការល្អ។
![](https://s5.kh1.co/ed/ed29f6d6e7be1d004a1ef83b033b65abdf60c5a0.jpg)
៦. ដំឡូងបារាំង
តើអ្នកដឹងទេថា ការទទួលទាន ត្រឹមតែដំឡូងបារាំងដុតមួយ
គឺដូចជាទទួលទានស្ករស មួយស្លាបព្រាបាយយ៉ាងអ៊ីចឹង។ សូម្បីតែដំឡូងបារាំងបំពង
(French fries) ដែលជាអាហារពេញនិយម របស់មនុស្សភាគច្រើននោះ
ក៏សំបូរទៅដោយជាតិខ្លាញ់ខ្ពស់បន្ថែមទៀត។ វាអាចបង្កផលប៉ះពាល់
ដល់មុខងារខួរក្បាលរបស់អ្នក ដែលអាចធ្វើឲ្យអ្នកទទួលទានជក់មាត់
និងញ៉ាំយ៉ាងច្រើន រហូតខូចរាងក្បាលពោះ ជាមិនខាន។
![](https://s4.kh1.co/2d/2d2dae10b15256be1b3cf9f181954fe8aea87dfb.jpg)
៧. អាហារសម្រន់
អាហារសម្រន់ភាគច្រើន សំបូរទៅដោយជាតិកាឡូរីខ្ពស់។
អាហារសម្រន់ទាំងនោះ មានដូចជា នំដំឡូងបារាំង (chips) ឬនំប្រៃ ផ្អែមផ្សេងៗទៀត
ដែលអ្នកអាចទទួលទានក្នុង បរិមាណមធ្យមបានដោយគ្មានបញ្ហា។
ដោយសារតែអាហារទាំងនេះ មានជាតិកាឡូរីខ្ពស់ និងអាហាររូបត្ថម្ភទាប
អ្នកមិនអាចទទួលទានច្រើនពេកឡើយ។ ផ្ទុយមកវិញ អ្នកអាចទទួលទានផ្លែឈើជំនួសវិញ
ទើបជាការប្រសើរ។
![](https://s5.kh1.co/3b/3bfa7c86dc2796ed0fb67078d8406b622501ff9a.jpg)
៨. ការ៉េម
ជាក់ស្តែង ការ៉េម គឺជាអាហារ ដែលជាចំណង់ចំណូលចិត្ត
របស់មនុស្សសឹងតែគ្រប់ៗគ្នា។ ប៉ុន្តែ
ប្រសិនបើអ្នកស្រម៉ៃចង់បានក្បាលពោះរាបស្មើ អ្នកមិនត្រូវទទួលទាន ការ៉េម
ញឹកញាប់ពេកឡើយ។ នេះក៏ព្រោះតែ ការ៉េម មានជាតិស្ករ
ដែលអាចបណ្តាលឲ្យឡើងខ្លាញ់ក្បាលពោះ មិនអាចចៀសផុតបានឡើយ។ ហេតុនេះ
សូមគិតសារជាថ្មី មុននឹងសម្រចចិត្តទទួលទាន។
![](https://s4.kh1.co/0d/0d3abd2b790e01b65e970f8b3e15b9d4acc6f3b9.jpg)
៩. អាហារគ្មានជាតិស្ករ
សូមអ្នកកុំចាញ់បោក អាហារដែលដាក់ថា គ្មានជាតិស្ករ (sugar-free)
ឲ្យសោះ ពីព្រោះជំនួសដោយការប្រើប្រាស់ស្ករ
អ្នកផលិតបានប្រើប្រាស់សារជាតិផ្អែមផ្សេង ឧទាហរណ៍ដូចជា polyalcohols
ដែលល្អសម្រាប់តែអ្នកមានជំងឺ ទឹកនោមផ្អែមប៉ុណ្ណោះ។ ហេតុនេះ អ្នកដទៃផ្សេងទៀត
ដែលទទួលទានអាហារគ្មានជាតិស្ករទាំងនោះ នឹងបង្កជាក្បាលពោះ ជាមិនខាន។
![](https://s5.kh1.co/ec/ec6bc23b89e41db632b455f314b02a1dc3fc79f9.jpg)
១០. អាហារធ្វើពីម្សៅ និងបាយ
អ្នកត្រូវចៀសឲ្យឆ្ងាយពី ការទទួលទានអាហារធ្វើពីម្សៅ
និងបាយច្រើនលើសលុបពេក ពីព្រោះតែវាអាចរំលាយ បានយ៉ាងឆាប់រហ័ស
រួចបណ្តាលឲ្យកើនឡើងទាំងអរម៉ូនអាំងស៊ុយលីន ទាំងកម្រិតជាតិស្ករក្នុងឈាម។
ជាលទ្ធផល វានឹងបង្កជាជាតិខ្លាញ់ ផ្ទុកជាប់នឹងក្បាលពោះ របស់អ្នក។
![](https://s5.kh1.co/3b/3b6972779761cdfb632905f4f44f940e484b953d.jpg)
១១. ផលិតផលទឹកដោះគោ
អ្នកស្រាវជ្រាវ បានកតសម្គាល់ឃើញថា ផលិតផលទឹកដោះគោ
គឺជាប្រភពនៃសារជាតិកាល់ស្យូម ដ៏សម្បូរបែប ប៉ុន្តែទន្ទឹមនឹងនោះដែរ
វាក៏មានផ្ទុកនូវ សារជាតិកាបូអ៊ីដ្រាត និងជាតិខ្លាញ់ខ្ពស់ផងដែរ។ ហេតុនេះ
ប្រសិនបើអ្នកកំពុងតែមានបំណងចង់បាន ក្បាលពោះរាបស្មើ
អ្នកគួរតែជំនួសផលិតផលទឹកដោះគោ ដោយបន្លែបៃតង ឬអាហារកាឡូរីទាបផ្សេងទៀត
ទើបប្រសើរ។
![](https://s4.kh1.co/fb/fb7a4233b1ec64b1372cfc6e27c323f357db2b0a.jpg)
១២. ទឹកផ្លែឈើ
រាល់ទឹកផ្លែឈើទាំងអស់ គឺសុទ្ធតែមាន ជាតិស្ករខ្ពស់។
វាគឺជារឿងពិតដែល ទឹកផ្លែឈើ សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ប៉ុន្តែ
ទន្ទឹមនឹងនោះ មិនសូវមានអ្នកដឹងទេថា វាក៏សំបូរទៅដោយជាតិស្ករផងដែរ។
ការទទួលទានទឹកផ្លែឈើ ត្រឹមតែមួយកែវ ជារៀងរាល់ព្រឹក គឺជាជម្រើសល្អបំផុត
ប៉ុន្តែប្រសិនបើអ្នកទទួលទានច្រើនពេក ឬញឹកញាប់ពេក ក្នុងមួយថ្ងៃ
គឺមិនមែនជារឿងល្អ សម្រាប់ក្បាលពោះអ្នកឡើយ៕
![](https://s4.kh1.co/4a/4ac74e6bd85119fcf4fb56ad6c55ab52d703674d.jpg)
0 comments:
Post a Comment