ស្វីស៖ ទីបំផុតព្រឹត្តការណ៍បាល់ទាត់ពិភពលោក World Cup
នឹងបន្ថែមចំនួន ឡើងដល់៤៨ក្រុមនៅក្នុងឆ្នាំ២០២៦។
នេះបើយោងតាមការបោះឆ្នោតមតិភាគច្រើន ដែលប្រកាសដោយសហព័ន្ធបាល់ទាត់ FIFA។
ការបោះឆ្នោតតំឡើងក្រុមទៅដល់៤៨នេះ ត្រូវបានប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី១០ ខែមករា ម្សិលមិញនេះ ក្នុងទីក្រុងហ្សឺរិុច ប្រទេសស្វីស។
ចំពោះការសម្រេចបន្ថែមក្រុម ដែលបច្ចុប្បន្នមានតែ៣២ ត្រូវបានប្រធានរបស់ FIFA លោក Gianni Infantino បញ្ជាក់ថា « World Cup ត្រូវតែលេងបញ្ចូលគ្នា។ នេះជាសតវត្សទី២១ហើយ ដូច្នេះពួកយើងត្រូវតែកែប្រែ World Cup ឲ្យទៅតាមសម័យកាលដូចគ្នា» ។
លោក Infnatino ដែលទើបឡើងតំណែងថ្មី បានបន្តទៀតថា «នេះគឺជាអនាគត។
បាល់ទាត់ មិនមែនមានតែក្នុងតំបន់អឺរ៉ុប ឬអាមេរិកនោះទេ គឺបាល់ទាត់
មានទូទាំងសាកលលោក។ រឹតពីនេះទៀត ប្រសិនជាប្រទេសណាមួយរបស់អ្នក អាចឡើងមកលេង
World Cup បាននោះ វាគឺជារឿងមួយដ៏ល្អ ក្នុងការពង្រឹងនូវវិស័យបាល់ទាត់
ក៏ដូចជាការផ្សព្វផ្សាយឲ្យពិភពលោកបានដឹងផងដែរ»។

គួរបញ្ជាក់ដែរថា ការតំឡើងចំនួនរហូតទៅដល់៤៨ក្រុមនេះ
នឹងមានការបន្ថែមចំនួនប្រកួតរហូតដល់ ៨០ប្រកួត
ខណៈក្រុមដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត ត្រូវឆ្លងកាត់ទាំងអស់ ៧ប្រកួត។
បើទោះជាយ៉ាងណាក៏ដោយ
នៅក្នុងឆ្នាំ២០២៦ ដែលជាឆ្នាំសម្រេចបន្ថែមក្រុមនេះ មិនទាន់រើសបានទីតាំង
និងប្រទេសដែលមានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៅឡើយទេ ស្របពេលដែល World Cup
ឆ្នាំ២០១៨ខាងមុខ នឹងធ្វើនៅប្រទេសរុស្ស៊ី ហើយឆ្នាំ២០២២ នៅប្រទេសកាតា៕



0 comments:
Post a Comment