គន្លឹះទាំង ៨ ដើម្បីជួយអ្នកបំបាត់បញ្ហា ញៀនជាតិកាហ្វេអ៊ីន បានយ៉ាងមានប្រសិទ្ធភាព!

កាហ្វេអ៊ីន ជាសារធាតុដែលអាចបណ្តាលឲ្យអ្នកញៀនបាន។ ប្រសិនបើអ្នកមានអារម្មណ៍ឃ្លានខ្លាំង ចង់ទទួលទានកាហ្វេ ឬភេសជ្ជៈផ្ទុកសារជាតិកាហ្វេអ៊ីន នៅរៀងរាល់ព្រឹក ឬថ្ងៃត្រង់ នោះមានន័យថា អ្នកកំពុងតែញៀនជាតិកាហ្វេអ៊ីនហើយ។ ជាក់ស្តែងពាក្យថាញៀននេះ មិនមែនជារឿងល្អឡើយ។
ជាតិកាហ្វេអ៊ីន ផ្តល់ផលល្អដល់សុខភាព ប្រសិនបើអ្នកទទួលទានក្នុងកម្រិតមធ្យម។ ផ្ទុយទៅវិញ ប្រសិនទទួលទានបរិមាណច្រើនពេក វានឹងបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានដូចជា ឡើងសម្ពាធឈាម ប៉ះពាល់ថ្លើម ពុកធ្មេញ ពុកឆ្អឹង ឈឺក្បាល ពិបាកគេង និងរាងកាយខ្វះជាតិទឹក។
ហេតុនេះ អ្នកកុំបារម្ភអី! ខាងក្រោមនេះ ជាគន្លឹះមួយចំនួន ដែលអ្នកអាចកម្ចាត់បញ្ហាញៀនជាតិកាហ្វេអ៊ីនបាន ដើម្បីស្តារសុខភាព របស់អ្នកឡើងវិញ ៖
១. ដកដង្ហើមវែងៗ
នៅពេលដែលអ្នកឃ្លានខ្លាំង អន្ទះអន្ទែងក្នុងខ្លួន អ្នកអាចព្យាយាមដកដង្ហើមវែងៗ មួយៗ ដើម្បីជួយបំបាត់អារម្មណ៍ឃ្លាន និងដើម្បីបញ្ចេញជាតិពុលចេញ ពីរាងកាយផង។ អ្នកគួរផ្តេកខ្លួនទៅនឹងឥដ្ឋ រួចយកដៃដាក់លើពោះ (អ្នកអាចអង្គុយអនុវត្តធម្មតាក៏បាន) និងដកដង្ហើមចូលឲ្យបាន ៥ វិនាទី បន្ទាប់មកទប់ដង្ហើមរបស់អ្នក ៣ វិនាទី សឹមដកដង្ហើមចេញមកវិញ។ អ្នកអាចចំណាយពេលអនុវត្តឲ្យបាន ១០ នាទី ទើបជាការល្អ។ 
២. ផឹកទឹកឲ្យបានច្រើន
ការទទួលទានទឹក មានសារៈសំខាន់ សឹងតែគ្រប់សារពាង្គកាយមនុស្ស។ យ៉ាងណាមិញ អ្នកក៏អាចបំបាត់ការញៀនជាតិកាហ្វេអ៊ីន តាមរយៈទឹកនោមបានដែរ។ ហេតុនេះ នៅពេលដែលអ្នកផឹកទឹកបានច្រើន អ្នកក៏អាចនោមបានច្រើន ហើយជាតិពុលក៏ត្រូវបានចេញពីរាងកាយ បានច្រើន ទៅតាមនោះដែរ។ ត្រូវចងចាំថា យ៉ាងហោចណាស់ ក៏ត្រូវតែទទួលទានទឹកឲ្យបានពី ៨ ទៅ ១០ កែវជារៀងរាល់ថ្ងៃដែរ។ 
៣. ជំនួសដោយ តែបៃតង
អ្នកអាចកាត់បន្ថយបាន ម្តងបន្តិចៗ ជារៀងរាល់ថ្ងៃ បានដោយតែបៃតង។ ឧទាហរណ៍ថា មួយថ្ងៃអ្នកទទួលទានកាហ្វេ ៣ កែវ អ្នកអាចប្រែមកទទួលទានកាហ្វេ ២ កែវ និងតែបៃតង ១ កែវវិញ។ ក្រោយៗមកទៀត អ្នកអាចបញ្ចុះការផឹកកាហ្វេ មកត្រឹមមួយកែវ និងតែបៃតង ២ កែវវិញមិនខាន។ នៅពេលណាមួយ អ្នកប្រាកដជាអាច លែងទទួលទានកាហ្វេបាន ទាំងស្រុង។ តែបៃតង មិនត្រឹមតែមានជាតិកាហ្វេអ៊ីនទាបបំផុតប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវអត្ថប្រយោជន៍សុខភាពច្រើនទៀតផង។ 
៤. ទទួលទានភេសជ្ជៈប្រភេទផ្សេង
ទឹកដោះគោ ត្រូវបានគេចាត់ទុក ជាអាហារពេលព្រឹក របស់មនុស្សជាច្រើន។ ប៉ុន្តែផ្ទុយទៅវិញ វាមិនមែនជាអាហារពេលព្រឹករបស់ អ្នកញៀនកាហ្វេឡើយ។ ហេតុនេះ ប្រសិនបើអាច ពួកគេគួរមានការផ្លាស់ប្តូរ ទម្លាប់ទទួលទានកាហ្វេ មកទទួលទានសូកូឡាក្តៅ ឬឡាតេ (Latte) ឬទឹកដោះគោវ៉ានីឡាវិញ ទើបជាការប្រសើរ (ក្នុងករណី អ្នកដែលមិនសូវចូលចិត្តទទួលទានទឹក ឬតែបៃតង)។ ប៉ុន្តែ សូកូឡាក្តៅ មានជាតិស្ករខ្ពស់ ដូច្នេះអ្នកគួរទទួលទានតិចបានហើយ។ 
៥. ទទួលទានអាហារ ឲ្យបានត្រឹមត្រូវ
ការព្យាយាមបំបាត់ ជាតិញៀនកាហ្វេអ៊ីន អាចជារឿងលំបាក។ ជួនកាល អ្នកមានអារម្មណ៍ អស់កម្លាំង និងពិបាកផ្តោតអារម្មណ៍លើការងារយ៉ាងខ្លាំង។ អ្វីដែលអ្នកត្រូវចងចាំគឺ គួរចៀសវាងអាហារ ដែលមានសារធាតុកាបូអ៊ីដ្រាតខ្ពស់ និងបែរមកទទួលទានអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើនវិញទើបជាការប្រសើរ ដោយសារតែវាអាចឲ្យអ្នកឆ្អែតបានយូរ និងរក្សាថាមពលបានពេញមួយថ្ងៃ។ អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ មានដូចជា ត្រីធូណា និងគ្រាប់ធញ្ញជាតិ ជាពិសេស គឺផ្លែឈើតែម្តង។ 
៦. គេងឲ្យឆ្អែត
ការទទួលទានដំណេកបានគ្រប់គ្រាន់ ក៏អាចប្រឆាំងនឹង ការញៀនជាតិកាហ្វេអ៊ីនបានដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវខិតខំព្យាយាមគេង ឲ្យគ្រប់គ្រាន់ តាមពេលវេលាត្រឹមត្រូវ។ មិនត្រឹមតែ ធ្វើឲ្យអ្នកមានទម្លាប់ចូលគេងល្អប៉ុណ្ណោះទេ វាជួយឲ្យអ្នក កាត់បន្ថយការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីនបាន ដោយសារតែអ្នកគេង និងក្រោក នៅពេលវេលាជាក់លាក់ សមស្របបានជារៀងរាល់ថ្ងៃ។ ឬអាចនិយាយបានថា អ្នកគេងគ្រប់គ្រាន់ហើយ និងមិនចាំបាច់ត្រូវការកាហ្វេមកជួយ នៅពេលថ្ងៃឡើយ។ 
៧. ធ្វើការហាត់ប្រាណ
នៅពេលដែលអ្នកធ្វើលំហាត់ប្រាណ រាងកាយរបស់អ្នកនឹងផលិតអរម៉ូន endorphins ដែលអាចជួយព្យាបាលឈឺក្បាលបាន (ជាសញ្ញាបញ្ជាក់ថា ការញៀនជាតិកាហ្វេអ៊ីនកំពុងតែមានការធ្លាក់ចុះ)។ ការធ្វើលំហាត់ប្រាណ គឺមានសារៈសំខាន់ណាស់ ជាពិសេស នៅពេលដែលអ្នកមានអារម្មណ៍ថា អស់កម្លាំងបន្ទាប់ពីភ្ញាក់ពីគេងឡើង (មូលហេតុ ឃ្លានកាហ្វេ) ដោយគ្រាន់តែដើរទៅ ដើរមក ៣០ នាទី ក៏គ្រប់គ្រាន់ ក្នុងការកម្ចាត់ភាពអស់កម្លាំងនោះបានដែរ។ 
៨. ទទួលទានសារធាតុម៉ាញ៉េស្យូម
ការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីនច្រើន អាចបង្កឲ្យរាងកាយខ្វះជាតិម៉ាញ៉េស្យូម ដែលបណ្តាលឲ្យអ្នកមិនសូវឃ្លាន សាច់ដុំចុះខ្សោយ ឈឺក្បាល និងពិបាកគេង។ ហេតុនេះ អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលថ្នាំគ្រាប់ម៉ាញ៉េស្យូម មកទទួលទាន។
បើមិនដូច្នោះទេ អ្នកអាចទទួលទានអាហារសំបូរ សារធាតុម៉ាញ៉េស្យូម ដូចជា ផ្លែចេក គ្រាប់អាល់មុន គ្រាប់សណ្តែក ទឹកសណ្តែក តៅហ៊ូ ដំឡូង យ៉ាអួ និងបន្លែបៃតង ក៏បានផងដែរ៕ 

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com