អត្ថប្រយោជន៍របស់ក្រូចសើច! មើលហើយបានដឹងថា វាមានសារៈសំខាន់ខ្លាំងយ៉ាងណា!

ក្រូចសើច គឺជាគ្រឿងផ្សំ និងជាឱសថមួយប្រភេទ ដែលមានការពេញនិយមប្រើប្រាស់ តាំងពីសម័យបុរាណមក។ វាមានផលប្រយោជន៍យ៉ាងមហាសាលនៅក្នុងការផ្ទះបាយ ដោយយកទៅចម្អិនជាមួយម្ហូបអាហារ ឬធ្វើជាឱសថព្យាបាលជំងឺតម្កាត់ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ 
ចង់ដឹងថា ក្រូចសើចមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណា តោះទៅតាមដានជាមួយគ្នា៖
• ឫស៖ ឫសរបស់ក្រូចសើចអាចជួយព្យាបាលអាការគ្រុន បណ្តេញខ្យល់ និងបន្សាបជាតិពុលបានយ៉ាងល្អ។
• សំបក៖ សំបកផ្លែក្រូចសើច អាចយកមកព្យាបាលជំងឺបានជាច្រើនមុខដូចជា៖ ជួយបំបាត់ការគេងមិនលក់, ជួយបម្រុងបេះដូង, ជួយព្យាបាលអាការខ្យល់ចាប់ វិលមុខ ងងឹតមុខ ឈឺក្បាល ធីងធោង, ជួយបណ្តេញខ្យល់ក្នុងពោះវៀន បំបាត់ឈឺពោះ ឆ្អល់ពោះ និងជួយលាងសារធាតុពិសនៅក្នុងរាងកាយឱ្យចេញមកក្រៅបានដោយងាយ។
• ស្លឹក៖ ជួយព្យាបាលអាការក្អួតចង្អោរ គ្រាំក្នុង និងជួយព្យាបាលស្នាមជាំ បានយ៉ាងល្អ ព្រោះស្លឹកវាមានបេតាការ៉ូទីន ដែលបំបែកខ្លួនជួយក្នុងការពន្យឺតការរីកលូតលាស់របស់កោសិកាមហារីក និងជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។
• ផ្លែ៖ ជួយបំបាត់អាការក្អក កម្ចាត់កំហាក ដោយគ្រាន់តែយកផ្លែក្រូចសើចមួយចំហៀងផ្លែ មកអាំងភ្លើងតិចៗ ហើយច្របាច់ទឹកវាចូលក្នុងបំពង់ក.បន្តិចៗ នោះនឹងអាចជួយបន្ថយអាការទាំងនេះឱ្យធ្លាក់ចុះបាន។ ជួយបន្សុទ្ធឈាម ដោយនាំយកផ្លែក្រុចសើចមកពុះជាពីរ ហើយយកទៅត្រាំជាមួយអំបិល ឬទឹកឃ្មុំ ទុកប្រមាណជា១ខែ ហើយសម្រិតទឹកមកទទួលទានជាការស្រេច។
លើសពីនេះ នៅជួយព្យាបាលឈឺពោះ ឆ្អល់ពោះ ទាំងមនុស្សចាស់ និងកូនក្មេងបានយ៉ាងមានប្រសិទ្ធភាព។ ជួយធ្វើឱ្យស្រ្តីមករដូវទៀងទាត់, ជួយបំបាត់អាការចេញឈាមតាមជើងធ្មេញ ដោយគ្រាន់តែយកទឹកផ្លែក្រូចសើចមកដុសអញ្ចាញធ្មេញ ក្រោយពេលដុសធ្មេញរួច។
#ក្រូចសើចអាចយកទៅប្រើជាគ្រឿងថែរក្សាសម្រស់ដោយ៖
១. សម្រាប់ថែទាំសក់៖
-ជួយបម្រុងសក់ កែបញ្ហាសក់ជ្រុះ៖ ដោយការនាំយកផ្លែក្រូចសើចកន្លះផ្លែ មកញីនៅលើក្បាលក្រោយកក់សក់ ហើយផ្អាប់ទុកមួយសន្ទុះចាំលាងចេញ។ ឬម្យ៉ាងទៀតគឺនាំយកទឹកក្រូចសើចមកកក់សក់ទុកចោលប្រមាណ១០នាទី ក៏អាចជួយកម្ចាត់របស់កខ្វក់នានាចេញពីស្បែកក្បាល និងសរសៃសក់បានយ៉ាងងាយ។
-ជួយកម្ចាត់អង្គែ៖ ដោយនាំយកផ្លែក្រូចសើចទៅអាំងភ្លើងតិចៗ ទាល់តែវាចេញប្រេងពីសំបក និងមានក្លិនឈ្ងុយផង។ បន្ទាប់មកយកវាមួយចំហៀងមកច្របាច់យកទឹកលាបលើក្បាល ព្រមទាំងសរសៃសក់ឱ្យសព្វ។ អប់ទុកចោលប្រហែលពី ១៥-៣០នាទី ចាំលាងជម្រះចេញជាមួយទឹកស្អាត។ វិធីនេះក្រៅពីអាចជួយកម្ចាត់អង្គែក៏សាកសមជាមួយអ្នកដែលមានបញ្ហារមាស់ស្បែកក្បាលផងដែរ។
-ជួយឱ្យសក់មានសភាពខ្មៅរលើបរលោង៖ ដោយនាំយកផ្លែក្រូចសើចពាក់កណ្តាលផ្លែយកទៅស្ងោរ ដោយដាក់បរិមាណផ្លែក្រូចសើច២ភាគ ទឹក១ភាគ ជាមួយនឹងការប្រើភ្លើងតិចៗល្មម។ យកវាមកបិតគម្របទុកឱ្យត្រជាក់ សឹមយកក្រណាត់ស្អាតមកច្រោះយកកាកចោល។ ក្រោយមកយកទឹកវាមកលាបលើស្បែកក្បាល និងសរសៃសក់ឱ្យសព្វដូចជាការកក់សក់យ៉ាងដូច្នេះដែរ។ អាចប្រើជំនួសជាសាប៊ូ ឬជាក្រែមបន្ទន់សក់ក៏បាន។ 
#លើសពីនេះ ផ្លែក្រូចសើច នៅអាចយកធ្វើជាសាប៊ូកក់សក់បានតាមរូបមន្ត២យ៉ាងដូចតទៅនេះ៖
• រូបមន្តទី១៖
គ្រឿងផ្សំ៖
១. ក្រូចសើច៣-៥ផ្លែ
២. ស្លឹក Baimee ១០ សន្លឹក
៣. ទឹកអង្ករ១លីត្រ
វិធីធ្វើ៖ យកទឹកអង្ករមកដាំឱ្យពុះ ហើយយកផ្លែក្រូចសើចមកពុះជាពីរ និងយកស្លឹក Baimee ទៅបង់ចូលគ្នា។ រង់ចាំឱ្យវាពុះប្រមាណជា១០នាទី សឹមលើកចុះ បិទគម្របទុកឱ្យត្រជាក់សិន។ ក្រោយមកយកក្រណាត់ស្អាតមកច្រោះយកកាកវាចេញឱ្យស្អាត និងយកទៅចាក់ទុកក្នុងដបដើម្បីរក្សាទុកធ្វើជាសាប៊ូកក់សក់។
• រូបមន្តទី២៖
គ្រឿងផ្សំមានដូចជា៖
១. ផ្លែក្រូចសើច៣ទៅ៥ផ្លែ
២. Angel Grass ១កូនចានតូច។
វិធីធ្វើ៖ យកផ្លែក្រូចសើចពុះជាពីរ ចំណែកឯស្លឹក Angel Grass វិញយកទៅលាងទឹកឱ្យស្អាត ហើយប្រើទាំងឬសទាំងស្លឹក។ ដាក់ចូលគ្នា នឹងចាក់ទឹកអង្ករបន្តិចចូលផង ហើយយកទៅដាំដោយប្រើកម្តៅល្មមៗ។ ទុកឱ្យពុះប្រមាណជា២០នាទី ចាំលើកចេញ និងបិទគម្របទុកឱ្យត្រជាក់។ បន្ទាប់ស្រង់យកកាកចោល យកទឹកមកកក់សក់ជាការស្រេច។ 
#ក្លិនរបស់ក្រូចសើច៖
ក្រូចសើចអាចបញ្ចេញក្លិនយ៉ាងក្រអូបប្រហើរសម្រាប់អាហារគ្រប់មុខ។ មិនតែប៉ុណ្ណោះវាក៏អាចជួយកាត់បន្ថយក្លិនអាក្រក់នៅលើជើង និងអាចជួយបន្ថយភាពអស់កម្លាំងផងដែរ។ ដោយយកវាទៅលាយជាមួយខ្ញី ព្រមទាំងអំបិលក្នុងបរិមាណស្មើៗគ្នា ហើយដាំឱ្យក្តៅឧណ្ហៗរួចយកមកត្រាំជើងប្រមាណ១៥នាទីជាការស្រេច។ 
លើសពីនេះក៏អាចយកទៅកម្ចាត់ក្លិនក្នុងស្បែកជើង និងទូដាក់ស្បែកជើងបានយ៉ាងល្អ ដោយយើងគ្រាន់តែយកសំបកក្រូចសើច ស្លឹកគ្រៃ និងធ្យូង ដាក់រុំក្នុងក្រណាត់ស្អាតមួយ ហើយដាក់ចោលនៅក្នុងកន្លែងដែលមានក្លិនអាក្រក់ នោះវានឹងរលាយបាត់ទៅយ៉ាងងាយ។
#តើក្រូចសើចមានផលប៉ះពាល់ដែរឬទេ?
ទោះបីជាក្រូចសើចមានអត្ថប្រយោជន៍ជាច្រើន ទាំងផ្លែ និងស្លឹកក៏ដោយ តែប្រសិនបើយកប្រេងវាមកលាបលើស្បែកដោយផ្ទាល់នោះ ពេលប៉ះនឹងពន្លឺព្រះអាទិត្យ នឹងអាចបណ្តាលមានប្រតិកម្មស្បែកទៅជារលាកធ្ងន់ធ្ងរផងដែរ ព្រោះក្នុងក្រូចសើចមានសារធាតុអុកស៊ីផេដាមីន (oxypedamin) ដែលមិនស៊ីគ្នាជាមួយពន្លឺថ្ងៃ។ ចំណែកឯសារធាតុ d-limonene វិញក៏អាចធ្វើឱ្យប៉ះពាល់ដល់ស្បែកដែរ ប្រសិនបើយើងនៅក្រោមកម្តៅថ្ងៃយូរពេក។
ដូច្នេះដើម្បីរក្សាសុវត្ថិភាព ក្រោយប្រើទឹកក្រូចសើចប៉ះពាល់ជាមួយស្បែក មុនរយៈពេល៤ម៉ោង មិនគួរឱ្យត្រូវប៉ះជាមួយពន្លឺថ្ងៃនោះទេ៕

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com