ភ្នំពេញ៖ តារាបាល់ទាត់ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា
បានបំប៉ោងសំណាញ់ទីគូប្រកួត ១គ្រាប់ហើយ
បន្ទាប់ពីបង្ហាញខ្លួនលើទីលានជាមួយការប្រកួតមិត្តភាពក្រៅផ្លូវការ
៣លើករបស់ក្លឹប Fujieda MYFC
ដោយគ្រាប់បាល់រកបានលើកដំបូងរបស់កីឡាករជំនាញជើងឆ្វេងនេះ គឺជាគ្រាប់បាល់
Free-Kick ដ៏អស្ចារ្យទៀតផង កំឡុងពេលជួយក្រុមសមាជិក J League 3
នេះយកឈ្នះក្រុម Meijo University ដោយលទ្ធផល ៦-១ កាលពីម្សិលមិញ ។
គួរបញ្ជាក់ថា
វឌ្ឍនាកា បានទៅដល់ប្រទេសជប៉ុន និងចូលរួមជាមួយក្លឹប Fujieda កាលពីថ្ងៃទី១៣
ខែកុម្ភៈកន្លងទៅ បន្ទាប់មក ២ថ្ងៃទើបគេចាប់ផ្ដើមហ្វឹកហាត់
និងបានចូលរួមប្រកួតមិត្ដដកស្រង់បច្ចេកទេសចំនួន ៣ប្រកួត តែ
២ប្រកួតដំបូងកូនប្រុសទី២ របស់អភិបាលខេត្តកំពតនេះ
រកមិនបានគ្រាប់បាល់ជួយក្រុមថ្មីនេះឡើយ ហើយថែមបរាជ័យទៀតផង
ពោលគឺចាញ់ក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្រុម Y.S.C.C YOKOHAMA ៤-១
បន្ទាប់មកប្រកួតចាញ់ក្រុមលំដាប់លីគទី២ GIFU ដោយលទ្ធផល ២-១ ។
ចាន់
វឌ្ឍនាកា តាមរយៈទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda បានឲ្យដឹងថា
មកទល់ពេលនេះ ខ្លួនបានស៊ាំនឹងទម្រង់លេងរបស់ក្រុមថ្មីបន្ដិចម្ដងៗហើយ
ហើយគេនឹងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីជួយក្រុមក្នុងការប្រកួតលីគលំដាប់ទី៣
របស់ជប៉ុននាពេលខាងមុខ ។ ទំព័រ Faccebook បញ្ជាក់ដែរថា
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការមករួមរស់ជាមួយក្លឹប Fujieda
មួយរយៈពេលខ្លីនេះ គឺកាលពីម្សិលមិញ វឌ្ឍនាកា ពិតជាធ្វើបានល្អ ដោយដើមវគ្គទី១
គេបានទាត់បាល់ Free-Kick បំប៉ោងសំណាញ់ទីក្រុម Meijo University យ៉ាងស្រួល
ដែលធ្វើឲ្យមិត្តរួមក្រុមថ្មីកោតសរសើរទៀតផង ៕
![](https://s4.kh1.co/2b/2bfe87e43923f44b056894ac8ba90ea0c5e518a3.jpg)
![](https://s5.kh1.co/ac/ac460fd492e508105bfd9dd4cf17ca0134d0abe3.jpg)
ប្រភព ៖
Khmertalking
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ គ្រូបង្វឹក Fujieda សរសើរកីឡាករ ចាន់ វឌ្ឍនាកា ពូកែទាំងប្រយុទ្ធ និងដណ្ដើមបាល់ដៃគូបានល្អ
(ជប៉ុន)៖
កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា
បានបង្ហាញសមត្ថភាពជាមួយមិត្តរួមក្រុមថ្មីនៃក្លឹប Fujieda MYFC ហើយ
នៅក្នុងជំនួបមិត្តភាព ក្រៅផ្លូវការមួយ
កាលពីល្ងាចមិញដោយជួបក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្លឹប Y.S.C.C
YOKOHAMA។ មិនតែប៉ុណ្ណោះតារាបាល់ទាត់ ជំនាញជើងឆ្វេងរូបនេះ
ថែមទាំងទទួលបានការកោតសរសើរពីគ្រូបង្វឹកទៀតផង។ នេះបើតាមការបញ្ជាក់លើទំព័រ
Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda នារាត្រីថ្ងៃទី១៧ ខែកុម្ភៈ
ឆ្នាំ២០១៧ ។
នេះគឺជាការប្រកួតដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា
បន្ទាប់ពីរូបគេបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន
កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅ និងបានចូលហ្វឹកហាត់ជាផ្លូវការជាមួយក្លឹប
Fujieda MYFC កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ
ដែលជាការចូលរួមក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
ប៉ុន្ដែក្រោយការហ្វឹកហាត់បានរយៈពេល ២ថ្ងៃ
និងបង្ហាញសមត្ថភាពក្នុងការប្រកួតខាងលើ វឌ្ឍនាកា
មិនបានជួយក្រុមថ្មីរបស់ខ្លួនឲ្យទទួលលទ្ធផលល្អនោះទេ គឺចាញ់ក្រុម Y.S.C.C
YOKOHAMA ដោយលទ្ធផល ៤-១ ។
ប៉ុន្ដែទោះជាបែបនេះក្ដីលោក Atsushi Oishi
គ្រូបង្វឹកក្រុម Fujieda MYFC នៅតែមើលឃើញពីចំណុចល្អរបស់ ចាន់ វឌ្ឍនាកា
និងបានកោតសរសើរ កូនប្រុសទី២របស់អភិបាលខេត្តកំពតរូបនេះ គឺជាកីឡាករល្អ
និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកប្រកួតប្រជែងលីគលំដាប់ទី៣
របស់ជប៉ុននាពេលឆាប់ៗខាងមុខ។
ក្រោយបញ្ចប់ការប្រកួតមិត្តភាពក្រៅផ្លូវការខាងលើលោក Atsushi Oishi
បាននិយាយយ៉ាងខ្លីថា «ចាន់ វឌ្ឍនាកា លេងជាខ្សែប្រយុទ្ធក៏ល្អ
ហើយការដណ្ដើមបាល់ពីដៃគូក៏ល្អ»។
យ៉ាងណាមិញលោកបានទទួលស្គាល់ថា
កីឡាករទើបផ្ទេរពីក្លឹបបឹងកេតអង្គរនេះ ទើបទៅដល់ប្រទេសជប៉ុន
ដោយមិនទាន់ស៊ាំនឹងអាកាសធាតុត្រជាក់នៅទីនោះ ដូច្នេះការហ្វឹកហាត់
និងកម្លាំងរបស់គេមិនទាន់គ្រប់គ្រាន់នោះទេ។
តែអ្វីដែលលោកពេញចិត្តចំពោះទម្រង់លេងរបស់ វឌ្ឍនាកា គឺជំនាញស៊ុតបញ្ចូលទី
និងការបង្កបញ្ហាដល់ខ្សែការពារក្នុងតំបន់គ្រោះថ្នាក់
ដែលធ្វើឲ្យលោកជឿជាក់ថា រដូវកាលថ្មីនេះគេនឹងអាចរកគ្រាប់បាល់បានច្រើន
ដើម្បីជួយក្រុម Fujieda MYFC ឆ្ពោះទៅដណ្ដើមកៅអីលីគលំដាប់ទី២ របស់ជប៉ុន៕
![](https://s4.kh1.co/2d/2df512411f6f6b00072702204e2603d35df20c4d.jpg)
0 comments:
Post a Comment