និយាយដល់រឿងចំណាយមនុស្សភាគច្រើនជួបប្រទះបញ្ហាប្រហាក់ប្រហែល គ្នា គឺទើបតែនឹងបើកប្រាក់ខែមិនទាន់បានប៉ុន្មានថ្ងៃផង មិនដឹងបាត់ប្រាក់ទៅណាអស់ រួចក៏ចោទសួរខ្លួនឯងថា ខ្ញុំដូចជាមិនបានចាយវាយអីខ្ជោះខ្ជាយទេ ហេតុអ្វីក៏អស់ប្រាក់ទៅណាលឿនម្ល៉េះ? អ្នកខ្លះថា ដាច់ខែដាច់ខ្យល់ ។
ចូរអនុវត្តតាមដំណាក់កាលទាំងបួនខាងក្រោមដើម្បីគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព៖
ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ
- ធ្វើបញ្ជីចំណូលនិងចំណាយប្រចាំខែ
- ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ
- ស្វែងរកមធ្យោបាយបង្កើនចំណូល
តាមដានចំណាយប្រចាំថ្ងៃ
ជារៀងរាល់ថ្ងៃចូរកត់ត្រាគ្រប់ចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេ គុយទាវ ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា អ្នកបានចាយវាយខ្ជោះខ្ជាយលើអ្វីខ្លះ អ្វីដែលជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់។ ចូរកាត់បន្ថយឬកុំចាយលើរបស់ដែលមិនចាំបាច់។
តារាងចំណូលនិងចំណាយ
ចូរកត់ត្រាចូលទាំងអស់នូវរាល់ចំណូលរបស់អ្នកមកពីប្រភពផ្សេងៗ ឧទាហរណ៍ ចំណូលពីការងារ អាជីវកម្ម ការប្រាក់ ។ល។
ចូរបែងចែកចំណាយជាពីរប្រភេទ គឺចំណាយថេររួមមានដូចជាឈ្នួលផ្ទះ ថ្លៃសាលា ថ្លៃធានារ៉ាប់រង... និងចំណាយប្រែប្រួល រួមមានដូចជា ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃអាហារ... ។
គន្លឹះកាត់បន្ថយចំណាយ
- ត្រូវចាយវាយទៅតាមផែនការចំណាយ
ដាក់ប្រាក់តាមខ្លួនតិចៗបានហើយដើម្បីជៀសវាងកុំឲ្យដកចាយច្រើន
- ទិញទំនិញដែលចំាបាច់តែប៉ុណ្ណោះ
- មុនទៅទិញទំនិញត្រូវមានបញ្ជីមុខទំនិញដែលត្រូវទិញ ដើម្បីជៀសវាងកុំឲ្យទិញតាមតែចិត្តចង់
- ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះទៅ ជាជាងបរិភោគនៅភោជនីដ្ឋាន
- បង់ថ្លៃទឹក អគ្គិសនី និងថ្លៃដទៃទៀត ឲ្យទាន់ពេលដើម្បីជៀសវាងការផាកពិន័យ
- ឆែកមើលចំណាយប្រចាំខែ រួចសួរខ្លួនឯងថាអ្នកពិតជាត្រូវការរបស់ទាំងនោះមែនឬ
- កាត់ប្រាក់ចេញពីគណនីប្រាក់ខែដោយស្វ័យប្រវត្តិរៀងរាល់ខែចូលក្នុងខ្ទង់សន្សំ
- ស្វែងរកប្រភពចំណូលផ្សេងទៀត ចូរសួរខ្លួនឯងថាក្រៅពីប្រភពចំណូលសព្វថ្ងៃតើអាចរកចំណូលមកពីប្រភពណាផ្សេងបន្ថែមទៀតទេ។
- ចូររក្សាទុកឯកសារបញ្ជីស្នាមឲ្យមានរបៀបរៀបរយ និងមានសុវត្ថិភាព។
- ចូរពិនិត្យនិងវាយតម្លៃលើចំណាយចំណូលរបស់ខ្លួនជាទៀងទាត់។